គុណម៉ែឪ
គុណម៉ែគុណឪគុណសែនធ្ងន់ ទោះខំរែកពន់យ៉ាងណាក៏ដោយ
មិនអាចសាងរួចគុណលោកបានឡើយ កវីដង្ហើយហៅកូនឱ្យគិត ។
គិតគុណទាំងពីរដែលខំថ្នមថា្នក់ កូនស្រស់វរលក្ខណ៍តាំងពីព្រេងពិត
ពពោះប្រឹងឆ្លងលោកពុំដែលគិត ព្រោះក្ដីអាណិតកូនគ្រប់អាត្មា ។
ដូច្នេះមុនខឹងសញ្ជឹងកុំខ្លី គិតគុណទាំងពីរគូរដោយបញ្ញា
គិតល្អឱ្យច្រើនលុបចោលទោសា ទើបមិនក្ដៅផ្សាចុងក្រោយនាទី ។
បំពេញទឹកចិត្តផ្តល់ក្ដីសង្ឃឹម ឱ្យលោកញញឹមដោយចិត្តភក្ដី
ទោះយប់ឬថ្ងៃផ្គាប់ឱ្យពេញទី ចិញ្ចឹមជីវីឱ្យរស់សប្បាយ ។
ក្នុងនាមជាកូនឱ្យសមជាមនុស្ស មិនត្រូវប្រទូសផ្លូវចិត្តផ្លូវកាយ
បែរមុញញឹមសាងក្ដីសប្បាយ ជូនឱ្យឪពុកម្ដាយទាន់គាត់នៅរស់ ។
ធ្វើមិននិយាយក៏គ្រាន់ជាងស្តី ថាមិនធ្វើអីថែមសាងជម្លោះ
ម៉ែឪក្រំចិត្តព្រោះប្រកែកឈ្លោះ សូមកូនទាំងអស់គួរគិតត្រង់នេះ ។
ក្នុងនាមកវីសូមតឿនចុងក្រោយ សូមកុំបណ្ដោយកុំឡើយឈ្នានីស
ទាន់ម៉ែឪរស់ខំដាំកុំបេះ ជាតិមុខជាតិនេះអ្នកបានសុខហោង ៕
និពន្ធដោយ
ស៊ិន អក្ខរា ១៣/១២/២៥៦១
Comments