ធ្វើ​ដូច​ម្តេច​ក្លាយជា​សហគ្រិន​ជោគជ័យ​ក្នុង​អាជីវកម្ម

បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា ជា​ច្រើន​បាន​ចាប់ផ្ដើម​ស្វែង​យល់ ក៏​ដូច​ជា​ឈាន​ជើង​ចូល​ទៅ​ក្នុង​ភាព​ជា​សហគ្រិន ប៉ុន្តែ​ការ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ។ ដូច្នេះ​តើ​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ ?
លោក អោម សេង បូ​រ៉ា គ្រូបង្វឹក​ថ្នាក់ដឹកនាំ​ធុរកិច្ច និង​ជា​ក្រុមប្រឹក្សាភិបាល​ឯករាជ្យ​នៃ​ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ចំណុច​លេចធ្លោ​មួយ​ចំនួន​ដើម្បី​ចង់​ក្លាយជា​សហគ្រិន​ជោគជ័យ​។ ចំណុច​ទាំងនោះ​រួម​មាន ៖
១-​ត្រូវ​មាន​ចំណង់​ឲ្យ​ខ្លាំង​នៅ​ក្នុង​ការ​រកស៊ី​ខុស​ពី​អ្នក​ប្រកប​មុខរបរ​តូចតាច​ធម្មតា ហើយ​ត្រូវ​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​បានជា​យើង​ចង់​ក្លាយជា​សហគ្រិន ព្រោះ​នៅ​ក្នុង​សហគ្រិន​១០​នាក់​មាន​៨​នាក់​ហើយ​ដែល​បរាជ័យ ។
២-​ត្រូវ​រៀនសូត្រ​ពី​សហគ្រិន​ជោគជ័យ​ទាំង​នៅ​ក្នុងស្រុក​និង​ក្រៅ​ស្រុក និង​ត្រូវ​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​នៅ​ក្នុង​អាជីវកម្ម ។
៣-​ស្វែងរក​ការ​ជួប​បុគ្គល​ធ្លាប់​ឆ្លងកាត់​ក្នុង​ភាព​ជា​សហគ្រិន​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ជោគជ័យ​និង​ការ​បរាជ័យ​របស់​គេ​ធ្វើ​ជា​មេរៀន​។
៤- ត្រៀមលក្ខណៈ​ឆ្លងកាត់​នូវ​ឧបសគ្គ និង​បញ្ហា​ជា​ច្រើន​ដែល​អាច​កើនឡើង​គ្រប់ពេល ខុស​ប្លែក​ពី​យើង​ធ្វើការ​ឲ្យ​គេ ។
៥-​ត្រូវ​មាន​ផែនការអាជីវកម្ម​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ ដំណើរការ​អាជីវកម្ម​មួយ​នេះ​នឹង​មិន​ភាព​យូរអង្វែង និង​លូតលាស់​ឡើយ ។
៦-​ត្រូវ​មាន​ជំនាញ​លក់ និង​ជំនាញ​ទីផ្សារ​ឲ្យ​ខ្លាំង​ក្នុង​នាម​ជា​សហគ្រិន ធ្វើ​យ៉ាងណា​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​យើង​ល្បីល្បាញ ក្រៅពី​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ និង​របាយការណ៍​នោះ ។
៧-​ត្រូវ​មានគំនិត​ច្នៃប្រឌិត​រហូត និង​ចេះ​ប្រើ​ធនធាន​របស់​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ ចេះ​កៀងគរ​មនុស្ស និង​ស្វែង​ការ​គាំទ្រ​ពី​ដៃគូ ។
៨-​ត្រូវ​បន្ត​រៀនសូត្រ​នូវ​អ្វី​ដែល​ខ្លួន​មិន​ចេះ និង​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​បរិយាកាស​នៅ​ក្នុង​អាជីវកម្ម ទើប​យើង​អាច​ប្រឡូក​ជាមួយ​គេ​បាន​។ 
៩-​ត្រូវ​មាន​កិច្ចសហការ​ជាមួយនឹង​បុគ្គល​ឆ្នើម​ៗ​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​សង្គម ។​ល​។
លោក​បន្ថែម​ថា នៅ​ពេល​បច្ចុប្បន្ន សហគ្រិន​ត្រូវ​មានការ​យល់​ដឹង​ពី​បច្ចេកវិទ្យា ព្រោះ​បច្ចេកវិទ្យា​ជា​ឧបករណ៍​ជំរុញ​ឲ្យ​សហគ្រិន​មាន​ភាព​ងាយស្រួល​ជាង​មុន និង​ត្រូវ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​បាន​កំពុង​មានការ​រីក​ចម្រើន​ខ្លាំង​នា​ពេល​សព្វ​ថ្ងៃនេះ ។
អ្នកស្រី សេង តក្ក​នារី នាយិកា​របស់​ស​ន្តុ​សា​សៀ​ល និង​ជា​ស្ថាបនិក​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា មាន​ប្រសាសន៍​ថា ដើម្បី​កា្ល​យ​ជា សហគ្រិន​ឈាន​មុន ទាល់តែ​យើង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ថ្មី ប្លែក​ពី​គេ ហើយ​គ្រប់​ផលិតផល​របស់​យើង​ត្រូវ​មានគុណ​ភាព និង​តម្លៃ​សមរម្យ ទើប​ធ្វើ​ឲ្យ​ការ​ធ្វើ​អាជីវកម្ម​រីក​ចម្រើន ។
អ្នកស្រី​បន្ដ​ថា សហគ្រិន​មួយ​ដើម្បី​រក្សា​បាន​នូវ​ជោគជ័យ​របស់​ខ្លួន ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវ​សួរ​ខ្លួនឯង​ថា យើង​នៅ​មាន​ខាត​ចំណុច​ខ្វះខាត​ណាខ្លះ ដើម្បី​ការពារ​នៅ​លំហូរ​ផ្នែក​ណាមួយ​ក្នុង​អាជីវកម្ម​ឲ្យ​បាន​ច្បាស់លាស់ ។
អ្នកស្រី កែវ មុំ អគ្គ​នាយិកា​ក្រុមហ៊ុន លី លី ផលិត​នំ​ស្រួយ និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា មាន​ប្រសាសន៍​ថា ភាព​ជោគជ័យ​វា​ដើរ​នៅ​ខាង​មុខ​ភាព​បរាជ័យ​តែ​បន្តិច​ប៉ុណ្ណោះ ប្រសិនបើ​យើង​មិន​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​អាជីវកម្ម​វា​អាច​ធ្វើ​ឲ្យ​យើង​បរាជ័យ​បាន​។ ការ​ធ្វើ​អាជីវកម្ម​ត្រូវការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​គ្រប់គ្រង​ពី​ខ្នាត​តូច មធ្យម និង​ធំ ទើប​ការ​ធ្វើ​អាជីវកម្ម​មានការ​រីក​ចម្រើន ។ ក្នុង​នោះ​ដែរ ការ​ធ្វើ​អាជីវកម្ម​កាន់តែ​ធំ ការ​ប្រឹងប្រែង​និង​ភាព​ប្រុង​ប្រយ័ត្ន គឺ​កាន់តែ​ខ្ពស់ និង​ត្រូវ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ព្យាយាម​ដោះស្រាយ​បញ្ហា​នានា​ឲ្យ​បាន​ទាន់​ពេលវេលា កុំ​ទុក​បញ្ហា​នោះ​កើនឡើង​ម្តង​ហើយ​ម្តងទៀត ។
ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ អ្នកស្រី​ថា សំខាន់​គឺ​គំនិត បញ្ញា ធ្វើ​អ្វី​ត្រូវ​មាន​ជំនឿ​ចិត្ត​ខ្លួនឯង ត្រូវ​ចេះ​បត់បែន​ទៅ​តាម​កាលៈទេសៈ ខុស​ប្លែក​ពី​ទ្រឹស្តី​ដែល​យើង​សិក្សា​៕

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits

អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់