រៀន....


កើតមកជាមនុស្សកុំរស់ឥតរៀន                     សិក្សាឱ្យញៀនឱ្យដូចឃ្លានបាយ
យប់ថ្ងៃសិក្សាប្រាជ្ញាជាប់កាយ                         ញាតិផៅជិតឆ្ងាយមិនណាយរាប់ហៅ ។

រៀនរកចំណេះឱ្យចេះច្បាស់ន័យ                     ឱ្យពេញហ្ឫទ័យផុតវ័យល្ងង់ខ្លៅ
រៀនចេះរកទ្រព្យឱ្យគាប់កូនចៅ                      រៀនបន្សល់នៅកេរ្តិ៍ត្រូវខ្លឹមសារ ។

រៀនស្នងសងគុណស្រាលធ្ងន់ទាំងឡាយ        សាងក្ដីសប្បាយឆ្ងាយក្ដីសោកា
និយាយត្រឹមត្រូវយល់ផ្លូវសុខា                         ឃ្លាតចាកអន្ធការសោការលាយ ។

រៀនដឹងសាងមិត្តនៅជិតពួកប្រាជ្ញ                  សត្រូវខ្លបខ្លាចក៏ត្រូវអន្តរាយ
រស្មីជីវិតសន្ឋិតស្និទ្ធកាយ                                   រស់នឹងសប្បាយឆ្ងាយអពមង្គល ។

រៀនលុះថ្ងៃស្លាប់ត្រាប់តាមវិជ្ជា                        ប្រៀបបាននាវាឆ្ងាយព្យុះផុតខ្យល់
សូមអស់ពួកមនុស្សស្វែងរៀនឱ្យដល់           ទទួលលទ្ធផលដល់ត្រើយវិជ្ជា ៕

សម័យថត ២០១៧
និពន្ធ ស៊ិន អក្ខរា ១២/១២/២៥៦១

Comments

Popular posts from this blog

កំណាព្យគុណគ្រូ

11 geniuses with extremely unusual habits

អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ គួរឲ្យចាប់អារម្មរណ៍របស់គាត់